នាំមកជូនដោយ

ស្តេចហនុមាន ធ្វើឱ្យកក្រើកនៅតាមផ្សារធំៗក្នុងរាជធានីភ្នំពេញ


ប្រភេទ៖ សិល្បៈ
5/10/2018 11:04:39 AM

យុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តភាគរឿង «សង្រ្គាមមហាទេព ស្តេចហនុមាន» មានចាប់   ផ្តើមធ្វើការផ្សព្វផ្សាយនៅតាមផ្សារធំៗក្នុងរាជធានីភ្នំពេញ ។ 

ផលិតករ និងពិធីការិនីរបស់ស្ថានីយទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខប្រាំ ដូចជា លោក លន់ ឯក អ្នកនាងកែវ សុវណ្ណនី និងកញ្ញា យ៉ុង លីកា បានតុបតែងកាយតំណាងតួអង្គហនុមាន និងព្រះនាងក្នុងខ្សែភាពយន្តភាគរឿង«សង្គ្រាមមហាទេព ស្ដេចហនុមាន» ។ អ្នកទាំង ៣ រូប ត្រូវបានជ្រើសរើសឱ្យតំណាងក្នុងរឿងភាគឥណ្ឌាល្បីឈ្មោះមួយនេះ ក្រោយពីសម្គាល់ឃើញថាមានមុខមាត់និងរូបរាងធំខ្ពស់ ស័ក្ដិសមជាជនជាតិឥណ្ឌា។

លោក ហួង តារាមុនី នាយកផ្នែកផលិត និងកម្មវិធីប្រចាំស្ថានីយទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ ៥  បានបង្ហើបប្រាប់ឱ្យដឹងថា «ខ្ញុំបានរៀបចំកម្មវិធីនេះឡើង​ដើម្បីផ្សព្វផ្សាយពីខ្សែភាពយន្តភាគរឿង«សង្គ្រាមមហាទេព ស្ដេចហនុមាន» ដល់សាធារណជនឱ្យបានទូលំទូលាយ ព្រោះស្ថានីយទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ ៥ បានទិញសិទ្ធិយកមហាវណ្ណកម្មដ៏ល្អឯកនេះមកចាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ដល់ម៉ោង ១២ ថ្ងៃត្រង់ ចាប់ពីថ្ងៃទី ១ ខែឧសភា មក»។

លោក​ ហួង តារាមុនី ក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា «ខ្ញុំជឿជាក់ថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ព្រោះខ្សែភាពយន្តនេះមានភាពល្បីល្បាញយ៉ាងខ្លាំងតាមរយៈការចាក់បញ្ចាំងនៅប្រទេសឥណ្ឌា និងប្រទេសថៃ ដោយចំណាយទុនផលិតរហូតដល់ ៧០

លានដុល្លារអាមេរិក។ ស្របគ្នានេះដែរ ខ្សែភាពយន្តភាគនេះ ក៏ឆ្លុះបញ្ចាំងពីកម្រងអក្សរសិល្បិ៍ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា គឺរឿង​ «រាមកេរ្តិ៍» ដែលភាសារឥណ្ឌាហៅថា «រាមាយណៈ»។